Elon Musk បានក្លាយជាម្ចាស់ក្រុមហ៊ុន Twitter Inc (TWTR.N) កាលពីថ្ងៃព្រហស្បតិ៍ ហើយបានបណ្តេញនាយកប្រតិបត្តិកំពូលរបស់បណ្តាញសង្គមមួយនេះ និង មានការបកស្រាយយ៉ាងខ្លីៗចំពោះរបៀបដែលគាត់នឹងត្រូវដឹកនាំបណ្តាញសង្គមដ៏មានឥទ្ធិពលមួយនេះបន្ត។
"The bird is freed(បក្សីនេះមានសេរីភាពហើយ)" គាត់បានសរសេរសារនេះដោយយោងលើនិមិត្តសញ្ញាបក្សីរបស់ Twitter។ ជាក់ស្តែងនេះជាបំណងប្រាថ្នារបស់គាត់ដែលចង់ឃើញបណ្តាញសង្គមមួយនេះ បង្កើនសិទ្ធសេរីភាពក្នុងការផុសមាតិកា និង ការបញ្ចេញមតិផ្សេងៗជាងមុន។
ទោះយ៉ាងណាក៏ដោយ នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc (TSLA.O) រូបនេះ ក៏បាននិយាយថាគាត់ចង់ការពារបណ្តាញសង្គមនេះកុំឲ្យក្លាយជាកន្លែងញុះញ៉ុង និង លាបពណ៌ផ្សេងៗ។
គោលដៅផ្សេងទៀតគឺ "កម្ចាត់" spam bots នៅលើ Twitter និង បង្ហាញទៅសាធារណៈជនឲ្យកាន់តែច្បាស់នូវ Algorithm ដែលនឹងត្រូវប្រើប្រាស់ក្នុងការកំណត់ប្រភេទមាតិកាដែលនឹងត្រូវបង្ហាញទៅដល់អ្នកប្រើប្រាស់ ។
ប៉ុន្តែ Musk មិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលគាត់នឹងដឹកនាំបណ្តាញសង្គមនេះទេ ហើយក៏មិនបង្ហើបថាបុគ្គលរូបណានឹងត្រូវមកគ្រប់គ្រងក្រុមហ៊ុនបណ្តាញសង្គមនេះដែរ។ គាត់បាននិយាយថា គាត់គ្រោងនឹងកាត់បន្ថយបុគ្គលិកប្រហែល 7,500 នាក់ របស់ Twitter ដែលធ្វើឲ្យបុគ្គលិករបស់ Twitter មួយចំនួនធំមានការព្រួយបារម្ភអំពីការងាររបស់ពួកគេយ៉ាងខ្លាំង។ គាត់ក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាគាត់មិនបានទិញ Twitter ដើម្បីរកលុយបន្ថែមទៀតទេ ប៉ុន្តែ "ដើម្បីព្យាយាមជួយមនុស្សជាតិ ដែលគាត់ស្រលាញ់"។
ប្រភព ៖ Reuters