ក្នុងនាមជាម្ចាស់អាជីវកម្ម យើងទាំងអស់គ្នាអាចយល់បានពីសារៈសំខាន់នៃអ៊ីនធឺណិត។ មានមនុស្សជាច្រើនកំពុងប្រើតាមអ៊ីនធឺណិតដើម្បីទិញអាហារ ទិញសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិច និងចែករំលែកបទពិសោធន៍ជីវិតរបស់ពួកគេនៅតាមបណ្តាញសង្គមនានា។ ដូច្នេះវាមិនគួរភ្ញាក់ផ្អើលទេដែលថាអាជីវកម្មមួយអាចដំណើរការបានជោគជ័យ ប្រសិនបើពួកគេចេះទាញផលពីអ៊ីនធឺណិត។ ប៉ុន្តែតើអ្នកអាចទាញផលចំណេញពីវាបានដោយរបៀបណា?
ផ្តោតលើបណ្តាញសង្គមរបស់អ្នក (Focus on your social media)
បណ្តាញផ្សព្វផ្សាយសង្គមអាចជួយឲ្យគេស្គាល់អ្នក និងអាជីវកម្មរបស់អ្នកបានមួយចំណែកធំនៅលើអ៊ីនធឺណិត។ មានភាពខុសប្លែកគ្នាខ្លាំងរវាងអាជីវកម្មដែលផុសមាតិកាជាប្រចាំ និងអាជីវកម្មដែលផុសមាតិកាម្តងម្កាល។ ការផុសជាប់លាប់គឺជារឿងល្អ ប៉ុន្តែអ្នកត្រូវតែធានាបានថាខ្លឹមសារនៃមាតិការបស់អ្នកគឺ មានសារប្រយោជន៍ចំពោះអ្នកតាមដាន និងគួរឱ្យចាប់អារម្មណ៍។ មាតិកាទាំងនោះ គឺមិនមែនតែអំពីផលិតផលរបស់អ្នកនោះទេ។ គ្មាននរណាម្នាក់ខ្វល់ពីរបស់ដែលមិនមានតម្លៃសម្រាប់ពួកគេនោះទេ! បើមិនដូច្នេះទេ មនុស្សទំនងជាមិនសូវបញ្ចេញមតិ ចែករំលែកអ្វីដែលអ្នកបានផុសនោះទេ ហើយរឿងសំខាន់ទាំងពីរនេះហើយដែលជួយបង្កើនចំនួនទស្សនិកជនរបស់អ្នក និងបង្កើនអ្នកតាមដាន (Followers) របស់អ្នក។ មិនតែប៉ុណ្នោះការផុសក៏ត្រូវមើលលើពេលវេលា និងមានយុទ្ធសាស្ត្រត្រឹមត្រូវផងដែរ វាមិនខុសពីការធ្វើសង្គ្រាមនោះទេ។ តើត្រូវមានយុទ្ធសាស្ត្របែបណានោះ Oneworld នឹងចេញអត្តបទមួយទៀតនៅពេលក្រោយ។
ពិចារណាក្នុងការមានគេហទំព័រអាជីវកម្ម
នេះមិនមែន Oneworld កំពុងលក់សេវាកម្មនោះទេ តែវាជារឿងពិតដែលថា គេហទំព័រអាចផ្តល់អត្ថប្រយោជន៍ជាច្រើន។ គេហទំព័រ របស់អាជីវកម្មអាចបង្កើតទំនុកចិត្ត ពង្រឹងម៉ាកយីហោរបស់អ្នក បង្កើតទំនាក់ទំនងអតិថិជនឲ្យកាន់តែប្រសើរ និងងាយស្រួលផ្សព្វផ្សាយអំពីគុណភាពផលិតផលរបស់អ្នក ដែលទាំងអស់នេះសុទ្ធសឹងតែជាអត្ថប្រយោជន៍សំខាន់ៗទាំងអស់។ នៅពេលដែលអ្នកមានគេហទំព័រ អ្នកនឹងមិនចាំបាច់បារម្មណ៍ពីការផ្សព្វផ្សាយផលិតផលអ្នក ព្រោះអ្នកតែងតែអាចផ្សព្វផ្សាយផលិតផលទាំងនោះនៅលើគេហទំព័ររបស់លោកអ្នក គ្រប់ពេលវេលាដែលអ្នកចង់ហើយកាន់តែមានប្រសិទ្ធិភាពនៅពេលដែលគេហទំព័ររបស់លោកអ្នកមានអ្នកចូលមើលច្រើន។
សរសេរអត្តបទទាក់ទងនឹងអាជីវកម្ម ដើម្បីជួយបង្កើនចរាចរណ៍នៃគេហទំព័រ ក៏ដូចជាទំព័របណ្តាញសង្គមរបស់អ្នក
នេះគឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុត និងងាយស្រួលបំផុតក្នុងការផ្សព្វផ្សាយអាជីវកម្មរបស់អ្នក។ បើអ្នកធ្វើបានត្រឹមត្រូវ វាអាចជំរុញចរាចរទៅកាន់គេហទំព័ររបស់អ្នក បង្កើនការលក់របស់អ្នក និងជួយអ្នកឱ្យឈានដល់ទីផ្សារថ្មីៗផងដែរ។ ពិតណាស់ដែលអាជីវកម្មខ្នាតតូចជាច្រើនមិនទាន់ដឹងអំពីអត្ថប្រយោជន៍នៃការផុសអត្តបទនៅឡើយទេ។ ហេតុផលភាគច្រើនគឺមកពីកង្វះពេលវេលាសម្រាប់ការសរសេរអត្ថបទ ក៏ដូចជាការកង្វះគំនិតសរសេរជាដើម។ គន្លឹះមួយដែល Oneworldអាចចែករំលែកបានគឺ “សរសេរដើម្បីអតិថិជនរបស់អ្នក”
អត្តបទរបស់អ្នក ក៏ដូចជាគេហទំព័រ និងទំព័របណ្តាញសង្គមនានារបស់អ្នក គឺមិនមែនសម្រាប់អ្នកទេ ផ្ទុយទៅវិញគឺវាសម្រាប់អតិថិជនរបស់អ្នក ដូច្នេះសូមសរសេរអ្វីដែលទាក់ទង និងមានអត្ថប្រយោជន៍សម្រាប់ពួកគេ។ តាមមតិ Oneworld អត្តបទរបស់អ្នកគួរតែក្នុងន័យជួយដោះស្រាយបញ្ហាអតិថិជនរបស់អ្នក ឬការផ្តល់ចំណេះដឹងថ្មីៗអំពីឧស្សាហកម្មដែលពាក់ព័ន្ធនឹងអ្នក។